ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសំដែងនូវក្តីរីករាយ ដែលបានទទួលជួបសមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរ បន្ទាប់ជំនួបលើកមុន នាពេលក្រោយសម័យប្រជុំដំបូងនៃព្រឹទ្ធសភានីតិកាលទី៥។ សម្តេច បានលើកឡើងថា ជំនួបពេលនេះ គឺមុនពេលសម្តេចអញ្ជើញទៅប្រទេសវៀតណាមដើម្បីចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម។
នាឱកាសនោះ ឯកឧត្តម សុខ ហាច ក្នុងនាមគណបក្សឆន្ទៈខ្មែរ បានសំដែងនូវសេចក្តីរីករាយ ថ្លែងអំណរគុណ និងជាកិត្តិយសណាស់ ដែលសម្តេចបានអនុញ្ញាតឱ្យចូលជួបសំណេះសំណាល មួយឆ្នាំម្តង។ ឯកឧត្តម បានបញ្ជាក់ជូនសម្តេចតេជោ ថា សមាជិកព្រឹទ្ធសភានៃគណបក្សឆន្ទៈខ្មែរ តែងតែប្រកាន់យកមាគ៌ា និងគោលការណ៍ប្រឆាំងគំនិត ក៏ប៉ុន្តែ មិនប្រឆាំងចំពោះផលប្រយោជន៍ជាតិ ដោយយកមតិសម្របសម្រួល និងដាក់ចិត្តចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល ជាផលប្រយោជន៍របស់ជាតិយើង។ ក្នុងករណីស្ថានភាពប្រទេសជាតិ ជួបប្រទះបញ្ហាលំបាកខាងសេដ្ឋកិច្ច ខាងឯកឧត្តម មិនធ្វើឱ្យរាជរដ្ឋាភិបាលពិបាកទេ។ ឯកឧត្តម បានលើកឡើងថា ប្រទេសកម្ពុជាយើងរស់នឹងកសិកម្ម ដូចនេះ ត្រូវអភិវឌ្ឍសក្តានុពលកសិកម្ម ឱ្យបានខ្លាំងក្លា។