ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើលការងារបង្កបង្កើនផលដំណាំស្រូវវស្សា បន្លែ និងការចិញ្ចឹមសត្វ នៅភូមិចំនួនពីរ ក្នុងខេត្តកំពង់ឆ្នាំង
======================
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលការងារបង្កបង្កើនផលដំណាំស្រូវវស្សា បន្លែ និងពិនិត្យមើលការចិញ្ចឹមសត្វ នៅភូមិទ័ពស្រូវ និងភូមិផ្លូវគោ ក្នុងខេត្តកំពង់ឆ្នាំង។
បើតាមឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងដំណើរនេះ ក្រុមការងារបានចុះពិនិត្យមើលការដាំដុះដំណាំបន្លែរបស់កសិករ ស សាម៉ន ស្ថិតនៅភូមិទ័ពស្រូវ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងចុះពិនិត្យមើលការចិញ្ចឹមសត្វមាន់ ជ្រូក ស្ថិតនៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផងដែរ។
ជាមួយគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សារបស់ប្រជាកសិករនៅឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយជារួមការងារបង្កបង្កើនផលស្រូវវស្សារបស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង អនុវត្តបានផ្ទៃដីដាំដុះ ១៣០ ៨៥១ហិកតាស្មើនឹង ៩០.២៤% លើផែនការ ១៤៥ ០០០ហិកតា ក្នុងនោះស្រូវស្រាល ២៧ ៤១៩ហិកតា, ស្រូវកណ្តាល ៥៤ ១៨៥ហិកតា និងស្រូវធ្ងន់ ៤៩ ២៤៧ហិកតា បើប្រៀបធៀបឆ្នាំ២០២៤ លឿនជាង ២០ ៩២៥ហិកតា៕