សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍លោកជំទាវ Maria Fernanda Lay
ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម
នារសៀល ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រុមអ្នកនយោបាយរបស់អន្តរសភាអាស៊ានលើកទី១៦ (AIPA Caucus)។ សម្ដេច បានសម្តែងនូវក្តីរីករាយដែលបានជួបលោកជំទាវ ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបនាឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេច នៅទីម័រឡេស្តេ កាលពីខែឧសភាកន្លងទៅ ហើយជាមួយគ្នានេះ ក៏រីករាយដែលអាស៊ានបានសម្រេចទទួលទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខដែលជាការសម្រេចបាននូវគោលដៅខ្លួន។