រាជធានីភ្នំពេញ : សមាជិកសភា នៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ក្រោមព្រះកិច្ចដឹកនាំដោយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ បានបន្តយាង និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទីពីរ ដើម្បីប្រជុំពិភាក្សាលើប្រធានបទស្តីពីវិស័យកសិកម្ម បន្ទាប់ពីបានចូលរួមប្រជុំពិភាក្សាអស់រយៈពេល១៦ ម៉ោងនៅថ្ងៃទីមួយ លើប្រធានបទ ប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
សមាជរដ្ឋសភា និងព្រឹទ្ធសភា នាឱកាសនេះមានការយាង និងអញ្ជើញចូលរួមដោយព្រះវត្តមាន និងវត្តមាន សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិក នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងបណ្តាគណបក្សនយោបាយនានានៅកម្ពុជា ដែលជាសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចូលរួមផងដែរ។
សូមជម្រាបជូនផងដែរថា ព្រឹត្តិការណ៍សមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលបាននិងកំពុងប្រព្រឹត្តធ្វើឡើងក្នុងរយៈពេលពីរថ្ងៃនេះ គឺដើម្បីធ្វើការពិភាក្សាគ្នាដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ សំដៅបម្រើឱ្យឧត្តមប្រយោជន៍ជាតិ និងប្រជារាស្រ្តស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។