នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឡរ៉ន ម៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចណែនាំខ្លួន តបតាមការអញ្ជើញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តម ឡរ៉ន ម៉ុង នឹងមានព្រះរាជសាវនាការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ហើយគ្រោងនឹងចូលជួបសម្តែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ឯកឧត្ដមនឹងជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។
ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលការប្រារព្ធខួបលើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជា និងសិង្ហបុរី។