រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលបានទទួលពានរង្វាន់មាស (Gold Award) និង វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលបានទទួលពានរង្វាន់ប្រាក់ (Silver Award) ពីពានរង្វាន់ GEMSET Award របស់ ITE Education Services (ITEES) នៃប្រទេសសិង្ហបុរី។
សម្តេចនាយករដ្ឋមន្ត្រីបានចាត់ទុកថា ពានរង្វាន់ដ៏មានកិត្យានុភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការរីកចម្រើនគួរឱ្យកត់សម្គាល់នៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ លើសពីនេះទៅទៀត គឺជាការសង្កត់ធ្ងន់លើដំណើរវិវត្តន៍ដ៏វិជ្ជមានក្នុងការឆ្លើយតបទៅនឹងអាទិភាពសំខាន់គឺ “មនុស្ស” ដែលត្រូវបានបញ្ចូលជាចម្បងនៅក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
សារអបអរសាទរនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥។