សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
គណបក្សប្រជាជនកម្ពុជា ដែលមានអាយុ ៧៤ឆ្នាំហើយ (២៨ មិថុនា ១៩៥៨-២៨ មិថុនា ២០២៥) បានបន្តរីកធំធាត់ និងចាក់គ្រឹះកាន់តែរឹងមាំទាំងលើការដឹកនាំ គោលនយោបាយ, ថ្នាក់ដឹកនាំ និងជាពិសេស គឺការគាំទ្រដ៏ច្រើនពីសំណាក់ប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលកើតដោយប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន និងប្រកាន់ខ្ជាប់នូវគោលនយោបាយ និងកម្មវិធីនយោបាយយ៉ាងច្បាស់លាស់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសឆ្ពោះទៅកាន់វិបុលភាព។
តួយ៉ាងព្រឹកនេះ, ស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានចាប់ផ្តើមបើកការដ្ឋានកសាងស្នាក់ការថ្មី សម្រាប់បម្រើដល់សេចក្តីត្រូវការ និងការជួបជុំថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សខេត្ត ក្នុងការដឹកនាំ, ចែករំលែក និងដាក់ចេញផែនការក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីរបស់គណបក្ស ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលក្រោយទទួលបានការគាំទ្រពីប្រជាជន តាមរយៈការបោះឆ្នោត សំដៅបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
ខេត្តកំពង់ធំ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ កក្កដា ២០២៥