សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអន្តរសភាអាស៊ាន ចូលជួបសម្ដែងការគួរសម នៅល្ងាចថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអន្តរសភាអាស៊ាន និងសហការី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman ក្នុងឱកាសដែលលោកជំទាវចូលរួមកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) នៅកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ នាពេលនេះ និងបានស្នើសុំលោកជំទាវ បន្តចែករំលែកបទពិសោធន៍ដល់ កម្ពុជា ដែលនឹងបំពេញតួនាទីជាអគ្គលេខាធិការ AIPA ប្តូរវេនបន្តពីលោកជំទាវ នាពេលខាងមុខនេះផងដែរ។ នាឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំទាវ បានវាយតម្លៃខ្ពស់ និងអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់រដ្ឋសភាកម្ពុជា។